អាហារូបករណ៍ម្ចាស់ក្សត្រីយ៍ ឬអាហារូបករណ៍ព្រះរាជប្រទានជាពាក្យហៅកាត់របស់អាហារូបករណ៍ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំទៅសិក្សានៅព្រះរាជាណាចក្រថៃ(Royal Scholarship under Her Royal Highness Princess Maha Chakri Sirindhorn Education Project to the Kingdom of Cambodia)។ ខាងក្រោមនេះជាព័ត៌មានលម្អិតស្តីពីអាហារូបករណ៍នេះ។
នីតិវិធីនៃការដាក់ពាក្យសុំអាហារូបករណ៍
បេក្ខជនត្រូវស្នើសុំអាហារូបករណ៍នេះនៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡាដែ លមានទីតាំងនៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង២ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចម្ងាយ៥០ម៉ែត្រខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរា។ ឯកសារដែលត្រូវដាក់រួមមាន៖
- បង្កាន់ដៃទទួលពាក្យ
- ពាក្យសុំអាហារូបករណ៍
- ជីវប្រវត្តិ
- កិច្ចសន្យា
- រូបថត ៤x៦ (មានពណ៌ផ្ទៃខាងក្រោយពណ៌ស)
- ថតចម្លងសញ្ញាប័ត្របាក់ឌុបសម្រាប់បេក្ខជនដែលដាក់ពាក្យសុំសិក្សាថ្នាក់បរិញ្ញាបត្រឬសមមូល; ថតចម្លងសញ្ញាប័ត្របរិញ្ញាប័ត្រសម្រាប់បេក្ខជនដែលដាក់ពាក្យសុំសិក្សាថ្នាក់អនុបណ្ឌិត; ថតចម្លងសញ្ញាប័ត្រអនុបណ្ឌិតសម្រាប់បេក្ខជនដែលដាក់ពាក្យសុំសិក្សាថ្នាក់បណ្ឌិត
- លិខិត ឬវិញ្ញាបនបត្រពីសាលារបស់បេក្ខជនដែលបង្ហាញថាបេក្ខជនកំពុងសិក្សានៅទីនោះ
- សម្រាប់បេក្ខជនដែលស្នើសុំសិក្សាថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវជ្រើសរើសផ្នែកណាមួយ (វិទ្យាសាស្ត្រសង្គមឬវិទ្យាសាស្ត្រ)។
នីតិវិធីនៃការប្រឡង
ការប្រឡងជុំទី១
- ក្រសួងអប់រំយុវជននិងកីឡារៀបចំការប្រឡងនេះ។
- បេក្ខជនត្រូវប្រឡង៖ ភាសាអង់គ្លេស និងគណិតវិទ្យា (រយៈពេល៩០នាទីសម្រាប់មុខវិជ្ជានីមួយៗ)។
- សម្រាប់ភាសាអង់គ្លេស វិញ្ញាសាចែកចេញជា៣-៤ ផ្នែករួមមាន៖ វាក្យសព្ទ វេយ្យាករណ៍ និងការអានអត្ថបទឆ្លើយសំណួរ (ពិបាកជាងការប្រឡងភាសាអង់គ្លេសនៅបាក់ឌុប តែស្រដៀងនឹងការប្រឡងចូលឆ្នាំទី១ភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)។
- សម្រាប់គណិតវិទ្យា វិញ្ញាសាមានចំណោទចំនួន៥-៦ (គណិតវិទ្យាចាប់ពីថ្នាក់ទី១០ដល់ទី១២ តែមានកម្រិតពិបាកជាងបន្តិច)។
- សម្រាប់ឆ្នាំ២០២០នេះ មុខវិជ្ជាដែលត្រូវប្រឡងមានតែភាសាអង់គ្លេសប៉ុណ្ណោះ។
- លទ្ធផលនឹងត្រូវផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំយុវជននិងកីឡា។
- អ្នកដែលបានជាប់នៅជុំទី១ ត្រូវបន្តទៅជុំបន្ទាប់។
ការប្រឡងជុំទី២
- ការប្រឡងនេះរៀបចំឡើងដោយសាកលវិទ្យាល័យនានារបស់ប្រទេសថៃដែលផ្តល់អាហារូបករណ៍។
- ការប្រឡងនេះមានរយៈពេល៣ថ្ងៃ និងត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។
- ថ្ងៃទី១៖ ថ្ងៃតំរង់ទិស
- នៅថ្ងៃនោះ នឹងមានស្តង់ពិព័រណ៍របស់សាកលវិទ្យាល័យថៃដែលផ្តល់អាហារូបករណ៍។
- បេក្ខជនអាចសួរសំណួរលម្អិតអំពីសាកលវិទ្យាល័យដែលអ្នកចាប់អារម្មណ៍ (ទីតាំងសាកលវិទ្យាល័យ មុខវិជ្ជាសិក្សា ប្រាក់ខែអាហារូបករណ៍ ការស្នាក់នៅ ជីវិតនិស្សិតជាដើម)។
- ក្រុមការងាររៀបចំការប្រឡងនឹងពន្យល់ពីដំណើរការចុះឈ្មោះ បទប្បញ្ញត្តិស្តីពីការប្រឡង និងប្រគល់ពាក្យសុំឱ្យបេក្ខជនដើម្បីបំពេញ។
- នៅខាងក្នុងពាក្យសុំ បេក្ខជនត្រូវជ្រើសរើសមុខវិជ្ជាណា និងសាកលវិទ្យាល័យណាដែលចង់បាន (អាចរើសបាន២ជម្រើស ប៉ុន្តែជម្រើសទី១ជាជម្រើសអាទិភាព)។
- ក្រោយដាក់ពាក្យរួចភ្លាម បេក្ខជននឹងទទួលបានកងដៃក្រដាសមិនជ្រៀបទឹកមួយ (Wristband) ដែលមានពណ៌ខុសៗគ្នា (លឿងសម្រាប់ថ្នាក់បរិញ្ញាប័ត្រ ខៀវសម្រាប់ថ្នាក់អនុបណ្ឌិត និងក្រហមសម្រាប់ថ្នាក់បណ្ឌិត)។ កងដៃមានព័ត៌មានរបស់បេក្ខជ ហើយបេក្ខជនមិនត្រូវដោះកងដៃនេះជាដាច់ខាតក្នុងរយៈពេលបីថ្ងៃនេះ។
- ថ្ងៃទី២៖ថ្ងៃប្រលង
- សម្រាប់ថ្នាក់បរិញ្ញាបត្រ វិញ្ញាសាចែកចេញជា៣ផ្នែក (គណិតវិទ្យា; អង់គ្លេស និងថៃ; គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា)។ វិញ្ញាសាទាំងនេះពិបាកជាងវិញ្ញាសាប្រលងបាក់ឌុប។ លំហាត់ឬចំណោទភាគច្រើនដកស្រង់ចេញពីកម្រិតវិទ្យាល័យ ហើយក៏មានអ្នកខ្លះមិនធ្លាប់បានរៀនពីមុនមកដែរ។ ការប្រឡងមានរយៈពេលមួយថ្ងៃពេញ (ពេលព្រឹក ២ម៉ោងសម្រាប់១ផ្នែក ហើយត្រូវប្រឡង ២ផ្នែក និងពេលរសៀល ៣ម៉ោងសម្រាប់១ផ្នែក និងត្រូវប្រឡង១ផ្នែក)។ ដើម្បីមើលវិញ្ញាសាគំរូ សូមចុចនៅ ទីេនះ ។
- សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានតែវិញ្ញាសាអង់គ្លេសមួយមុខតែប៉ុណ្ណោះនាពេលព្រឹក ដោយប្រើរយៈពេល២ម៉ោង។ វិញ្ញាសាយកលំនាំតាមវិញ្ញាសា TOEFL។ វិញ្ញាសាចែកចេញជា៣ផ្នែករួមមាន៖ វាក្យសព្ទ វេយ្យាករណ៍ និងការអានអត្ថបទឆ្លើយសំណួរ។ អាចមានការប្រឡងវិញ្ញាសាជំនាញ (Special Test) សម្រាប់សាកលលវិទ្យាល័យមួយចំនួន (រយៈពេល១ម៉ោង)។ ដើម្បីមើលវិញ្ញាសាគំរូ សូមចុចនៅ ទីេនះ ។
- សម្រាប់ថ្នាក់បណ្ឌិត (ពុំទាន់មានព័ត៌មាន)។ ដើម្បីមើលវិញ្ញាសាភាសាអង់គ្លេសគំរូ សូមចុចនៅ ទីេនះ ។
- បេក្ខជនប្រឡងជាប់ទើបមានឈ្មោះនៅក្នុងបញ្ជីស្វែងរកដែលគេបានផ្សព្វផ្សាយនៅលើគេហទំព័រនៅព្រឹកព្រហាមនៃថ្ងៃបន្ទាប់ (ម៉ោង៤ឬ៥ព្រឹក) ។
- បេក្ខជនមានឈ្មោះត្រូវមកសម្ភាសន៍ជាមួយក្រុមការងារតាមសាកលវិទ្យាល័យដែលខ្លួនបានដាក់ពាក្យសុំអហារូបករណ៍។
- សំណួរនៃវគ្គសម្ភាសន៍មានលក្ខណៈស្រដៀងនឹងសំណួរនៃបទសម្ភាសន៍ការងារដែរ។ បេក្ខជនប្រហែលជាអាចនឹងត្រូវឆ្លើយនូវសំណួរមួយចំនួនដូចជា៖ ចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកមានអ្វីខ្លះ? សមិទ្ធផលនៃការសិក្សារបស់អ្នកមានអ្វីខ្លះ? តើអ្នករំពឹងអ្វីខ្លះប្រសិនបើអ្នកទទួលបានអាហារូបករណ៍នេះ? តើអ្នកមានផែនការអ្វីខ្លះបន្ទាប់ពីបញ្ចប់ការសិក្សារបស់អ្នក?… នៅចុងបញ្ចប់នៃបទសម្ភាសន៍ តំណាងសាកលវិទ្យាល័យមួយចំនួនអនុញ្ញាតឲ្យបេក្ខជនសួរសំណួរមួយចំនួនផងដែរ។
- លទ្ធផលជាប់ជាស្ថាពរនឹងចេញ១ថ្ងៃឬ២ថ្ងៃបន្ទាប់ នៅលើគេហទំព័រដដែលដែលអ្នកទទួលបានលទ្ធផលនៅថ្ងៃទី២។
បទពិសោធន៍នៃដំណើររបស់និស្សិតអាហារូបករណ៍ម្ចាស់ក្សត្រីយ៍
ចេញពីភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ
មុននឹងពួកយើងចាកចេញទៅព្រំដែនថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃស្តីពីសិល្បៈ និងវប្បធម៌ខ្មែរ ដោយមានបង្ហាត់រាំវង់ រាំក្បាច់ និងរាំម៉ាឌីសុនផងដែរ។ ក្រសួងក៏បានរៀបចំការប្រជុំមួយដើម្បីណែនាំពីរបៀបរបបក្នុងការរស់នៅប្រទេសថៃ ការចែកជាក្រុមតូចៗនៅពេលចេញដំណើរទៅប្រទេសថៃ និងផ្តល់ទម្រង់បែបបទឆ្លងព្រំដែនដល់និស្សិតដើម្បីបំពេញទុកជាមុន។
នៅថ្ងៃចេញដំណើរ ក្រសួងអប់រំតម្រូវឲ្យពួកយើងណាត់ជួបគ្នាតាំងពីព្រឹកព្រលឹមនៅក្លោងទ្វារប៉ែកខាងជើងក្រសួងអប់រំក្បែរវិទ្យាល័យយុគន្ធ។ នៅពេលនោះ មានមនុស្សម្នារង់ចាំត្រៀបត្រាក្បែរឡានក្រុងចំនួន៤ ដែលតម្រៀបជួរជាស្រេច។ ម្នាក់ៗមានឥវ៉ាន់ជាប់ដៃ និងមានបងប្អូន ឪពុកម្តាយ និងសាច់ញាតិមកជូនដំណើរផង។ និស្សិតម្នាក់ៗបានស្គាល់លេខរថយន្តក្រុង និងប្រធានក្រុមរបស់ខ្លួនរួចមកហើយ ព្រោះបញ្ជីឈ្មោះត្រូវបានបង្ហោះក្នុងក្រុមហ្វេសប៊ុកមួយថ្ងៃមុន។

រយន្តក្រុងបានចេញដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦អា នៅម៉ោង៦ព្រឹក។ ក្រុមការងារក្រសួងអប់រំបានចែកលិខិតឆ្លងដែនដល់ពួកយើងនៅក្នុងរថយន្តនៅពេលធ្វើដំណើរតាមផ្លូវ។ លុះមកដល់ស្គន់ ខេត្តកំពង់ចាមវេលាម៉ោងប្រមាណ៩ព្រឹក រថយន្តក្រុងបានឈប់សម្រាករយៈពេលកន្លះម៉ោង ដើម្បីឲ្យពួកយើងបត់ដៃបត់ជើង និងទទួលទានអាហារពេលព្រឹកដោយចំណាយប្រាក់ផ្ទាល់ខ្លួន។ បន្ទាប់មក រថយន្តក្រុងបានបន្តដំណើរទៅកាន់ខេត្តកំពង់ធំ និងឈប់សម្រាកម្តងទៀតនៅតាមផ្លូវឆ្ពោះទៅខេត្តសៀមរាប ដើម្បីទទួលទានអាហារពេលថ្ងៃត្រង់។ នៅទីនោះ ពួកយើងបានកុម្ម៉ង់បាយមួយចាន និងម្ហូបពីរមុខ និងបានទទួលទានរួមគ្នាជាមួយនិស្សិតដទៃទៀត។ នៅពេលធ្វើដំណើរតាមផ្លូវ ក៏មានសិស្សមួយចំនួនតូចបានឡើងតាមផ្លូវផងដែរ។

ដំណើរទៅកាន់ទល់ដែនត្រូវប្រើវេលាជិតពេញមួយថ្ងៃ។ ពួកយើងបានមកដល់អូរស្មាច់ ខេត្តបន្ទាយមានជ័យ។ នៅទីនោះ និស្សិតនារីត្រូវស្នាក់នៅក្នុងសណ្ឋាគារមួយ និងនិស្សិតបុរសនៅក្នុងសណ្ឋាគារមួយផ្សេងទៀត។ នៅក្នុងសណ្ឋាគារនីមួយៗ និស្សិតត្រូវស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់មួយដែលមានគ្នាពីរនាក់។ នាពេលល្ងាច ក្រុមការងារក្រសួងអប់រំបានរៀបចំអាហារពេលល្ងាចដល់ពួកយើងនៅក្នុងភោជនីយដ្ឋានមួយ។ អាហារពេលល្ងាចមានបាយមួយចាន សាច់មាន់ពីរបីដុំ (???) សម្លមួយចានចង្កឹះ និងភេសជ្ជៈកូកាកូឡាមួយកំប៉ុង។
លុះដល់ព្រឹកឡើង ពួកយើងត្រូវតម្រូវឲ្យស្លៀកឯកសណ្ឋានសិស្សដើម្បីងាយស្រួលចំណាំ ហើយពួកយើងត្រូវទទួលទានអាហារពេលព្រឹកដោយការចំណាយប្រាក់ផ្ទាល់ខ្លួននៅអាហារដ្ឋានក្បែរសណ្ឋាគារ។ យើងបានឡើងលើរថយន្តក្រុងជាមួយនឹងឥវ៉ាន់ផងឆ្ពោះទៅកាន់ព្រំដែនដែលមិនឆ្ងាយប៉ុន្មាន។ បន្ទាប់មកយើងត្រូវចុះពីរយន្តក្រុង និងត្រូវរុញឥវ៉ាន់របស់យើងទៅកាន់ការិយាល័យត្រួតពិនិត្យព្រំដែនខាងភាគីថៃ។ យើងត្រូវឈរជាជួរ និងរង់ចាំមន្ត្រីវាយត្រាឲ្យ។ នៅពេលនោះ ក៏មានមន្ត្រីមួយចំនួនសាកសួរសំណួរមួយចំនួនមកកាន់ពួកយើងខ្លះផងដែរ។
មកដល់ខាងប្រទេសថៃ យើងត្រូវដើរតម្រង់ទៅការិយាល័យមួយ ដើម្បីរង់ចាំឲ្យក្រុមការងារសាកលវិទ្យាល័យមហាសារ៉ាខាមមកទទួល។ លុះមិនយូរប៉ុន្មាន រថយន្តរបស់ក្រុមការងារសាកលវិទ្យាល័យមហាសារ៉ាខាមរួមទាំងក្រុមនិស្សិតនៃសមាគមនិស្សិតខ្មែរនៅសាកលវិទ្យាល័យមហាសារ៉ាខាមក៏បានមកដល់។ ពួកយើងបានជួយលើកឥវ៉ាន់ដាក់រួមគ្នានៅក្នុងរយន្តដោយឡែក។ នៅក្នុងរយន្តក្រុង ក្រុមការងារសាកលវិទ្យាល័យមហាសារ៉ាខាមបានចែកបាយប្រអប់ និងទឹកសុទ្ធមួយដបសម្រាប់អាហារថ្ងៃត្រង់ ប័ណ្ណសម្គាល់ខ្លួនដោយមានភ្ជាប់លេខសម្ងាត់ Wifi របស់និស្សិតម្នាក់ៗមកជាមួយផង។ ព្រមជាមួយគ្នានេះដែរ ក្រុមការងារសាកលវិទ្យាល័យមហាសារ៉ាខាមបានគេដកយកលិខិតឆ្លងដែនរបស់យើងទៅរក្សាទុក ដោយសន្យាថានឹងប្រគល់ជូនវិញនៅមួយឬពីរថ្ងៃមុនពេលចាកចេញពីសាកលវិទ្យាល័យមហាសារ៉ាខាម។ នៅតាមផ្លូវ យើងបានឈប់សម្រាកបានម្តងនៅហាង 7 Eleven។ យើងបានមកដល់សាកលវិទ្យាល័យមហាសារ៉ាខាមនៅម៉ោង៣ រសៀល។ ពួកយើងសប្បាយរីករាយ និងមានលាយជាមួយនឹងភាពភ័យអរ ព្រោះត្រូវបន្តស្នាក់នៅខេត្តមហាសារ៉ាខាមនេះក្នុងរយៈបីខែ មុននឹងចាកចេញទៅសាកលវិទ្យាល័យរៀងៗខ្លួន។
ការរៀនភាសាថៃ និងការស្នាក់នៅរយៈពេលបីខែ
ការសិក្សាភាសាថៃ
ជាទួទៅ និស្សិតដែលទទួលបានអាហារូបករណ៍របស់គម្រោងព្រះរាជទានរបស់ម្ចាស់ក្សត្រីយ៍សិរិនថននឹងតម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាលភាសាថៃជាមុនសិន មុននឹងពួកគេចូលសិក្សានៅតាមសាកលវិទ្យាល័យដែលខ្លួនបានជាប់អាហារូបករណ៍។ វគ្គសិក្សានេះមានរយៈពេលប្រហែល២ខែកន្លះទៅ៣ខែ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យមហាសារ៉ាខាម (ខេត្តមហាសារ៉ាខាម) ឬសាកលវិទ្យាល័យសុរិន្ទ្ររាជផាត់ (ខេត្តសុរិន្ទ)។ ពួកយើងសូមចែករំលែកនូវទិដ្ឋភាពក៏ដូចជាបទពិសោធន៍មួយចំនួនទាក់ទងនឹងការសិក្សានិងការរស់នៅក្នុងខេត្តមហាសារ៉ាខាមក្នុងកំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលភាសាថៃនេះ។
មុននឹងចាប់ផ្តើមសិក្សា និសិ្សតទាំងអស់តម្រូវឲ្យឆ្លងកាត់ការប្រលងវាស់ស្ទង់កម្រិតសមត្ថភាពភាសាថៃរបស់គេជាមុនសិន ដើម្បីធ្វើការបែងចែកក្រុមឬថ្នាក់សិក្សាដែលស្របទៅនឹងសមត្ថភាពរបស់និស្សិត។ វគ្គសិក្សានេះ គេបណ្តុះបណ្តាលនិស្សិតនូវមូលដ្ឋានគ្រឹះភាសាថៃ ដើម្បីអាចឲ្យនិស្សិតអាចយកទៅប្រើប្រាស់ក្នុងទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃបាន។ ដូច្នេះ អ្នកដែលមិនធ្លាប់បានសិក្សាភាសាថៃពីមុនមកសូមកុំមានការបារម្ភ។ និស្សិតនឹងរៀនជាមួយគ្រូជនជាតិថៃ ក៏ដូចជាមានការជួយបង្ហាត់អនុវត្តជាមួយនិស្សិតថៃដែលស្ម័គ្រចិត្ត។ ក្នុងថ្នាក់សិក្សាក៏មានផងដែរនូវការជួយបកប្រែសម្របសម្រួលពីសិស្សច្បងនិស្សិតដែលកំពុងសិក្សានៅទីនោះផ្ទាល់។ ការរៀនក្នុងថ្នាក់មានលក្ខណៈសប្បាយៗ ពីព្រោះគេមិនត្រឹមតែបង្រៀនភាសាតែមួយមុខទេ គេថែមទាំងបង្រៀននូវវប្បធម៌ក៏ដូចជាចំនេះដឹងទាក់ទងនឹងរបៀបរបបការរស់នៅរបស់ជនជាតិថៃ និងល្បែងកំសាន្តផ្សេងៗផងដែរ។

សកម្មភាពខាងក្រៅថ្នាក់
ក្រៅពីការរៀនក្នុងថ្នាក់ ជួនកាលគ្រូក៏នាំសិស្សឲ្យមកសិក្សាស្វែងយល់និងអនុត្តជាក់ស្តែងនៅខាងក្រៅថ្នាក់ផងដែរ។ សកម្មភាពក្រៅថ្នាក់មួយចំនួនមានដូចជា ការធ្វើម្ហូប បង្អែមថៃ ការទៅផ្សារ ទៅវត្ត ឬកន្លែងកំសាន្តផ្សេងៗ។ នៅពេលសម្រាកពីការសិក្សា យើងអាចដើរកំសាន្តតាមផ្សារ កន្លែងនានា ឬលេងកីឡា ហាត់ប្រាណបាន។ ពេលល្ងាច យើងអាចហាត់ប្រាណឬលេងកីឡាផ្សេងៗ ព្រោះនៅទីនោះមានសួនសារធារណៈ និងតារាងលេងបាល់ជាច្រើន។ គួរបញ្ជាក់ផងដែរ ជាធម្មតាខាងសមាគមនិស្សិតខ្មែរនៅទីនោះតែងតែរៀបចំការប្រកួតកីឡាររវាងនិស្សិតខ្មែរដែលសិក្សានៅទីនោះ។




ការស្នាក់នៅ និងការហូបចុក
ចំពោះការស្នាក់នៅ និស្សិតអាហារូបករណ៍ទាំងអស់ត្រូវបានខាងសាលារៀបចំឲ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាលា។ ខាងសាលានឹងផ្តល់ជូនដោយឥតគិតថ្លែសម្រាប់ការស្នាក់នៅ ក៏ដូចជាផ្តល់ជូននូវពូក ខ្នើយ ភួយសម្រាប់ស្នាក់នៅរួមទាំងរបស់របរប្រើប្រាស់ផ្សេងៗផងដែរ។ គួរបញ្ផាក់ផងដែរថា និស្សិតដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានមិនត្រូវបានអនុញ្ញាតឲ្យធ្វើម្ហូបអាហារនោះទេ។ ដូចច្នេះ និស្សិតទាំងអស់ត្រូវទៅទិញអាហារញាំបាននៅតាមផ្សារជិតៗ ឬនៅតាហាងបាយដែលមាននៅក្នុងអន្តេសិកដ្ឋានក៏បាន។ ដោយសារនៅខេត្តនេះនៅប៉ែកឥសាន្ត រសជាតិអាហារក៏មានលក្ខណៈស្រដៀងគ្នាទៅនឹងខ្មែរយើងដែរ ក៏ប៉ុន្តែស្ទើរតែអាហារទាំងអស់មានរសជាតិហិរបន្តិច។ អាហារដែរគួរឲ្យជាប់ចិត្តនៅទីនោះគឺបុកល្ហុក ពីព្រោះមានច្រើនប្រភេទសម្រាប់កម្មង់បាន និងមួយទៀតគឺស្ងោត្រី។ វាអាននឹងពិបាកបន្តិចសម្រាប់អ្នកដែលមិនទំលាប់ញាំអាហារហិរ។ ចំពោះតម្លៃអាហារវិញ ក៏មិនសូវខុសគ្នាពីតម្លៃនៅខ្មែរប៉ុន្មានដែរ។ បើយើងចាយសន្សំសំចៃ ក្នុងមួយពេលចំនាយប្រមាណ៥០បាត ទៅ១០០បាតតែប៉ុននោះ។ អ្នកទាំងអស់គ្នាក៏អាចរកទិញរបស់ញាំ ភេសជ្ជៈ ឬរបស់របរប្រើប្រាស់មួយចំនួននៅតាមហាង 7 Eleven បានផងដែរ។

មុនថ្ងៃចាកចេញពីខេត្តមហាសារ៉ាខាម
នៅថ្ងៃចុងក្រោយមុនចាកចេញពីេខត្តមហាសារ៉ាខាមនៅពេលយប់ពួកយើងបានចំណាយពេលរីករាយជាមួយគ្នាហើយនឹងមានការជជែកគ្នាលេងយ៉ាងសប្បាយរីករាយ លុះព្រឹកឡើងភាគីខាងសកលវិទ្យាល័យនីមួយៗបានមកទទួលពួកយើងដោយឡានក្រុងរឺតាមរយៈយន្តហោះអាស្រ័យទៅតាមសកលវិទ្យាល័យនីមួយៗម្យ៉ាងទៀតពួកយើងត្រូវត្រៀមអារម្មណ៍ពេលដែលពួកយើងបែកគ្នាព្រោះមានទាំងការនិយាយលាគ្នានឹងយំផងដែរដែលជាហេតុធ្វើអោយពួកយើងពិតជាមានអារម្មណ៍នឹកពេលវេលាដែលពួកយើងមានសកម្មភាពជាមួយគ្នាមិនថាក្រៅនឹងក្នុងថ្នាក់រៀន។




ថ្ងៃដំបូងនៃការមកដល់សាកលវិទ្យាល័យមហិដុន
ក្រោយពីបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលភាសាថៃនៅសាកលវិទ្យាល័យមហាសារ៉ាខាម និស្សិតទាំងអស់ដែលស្ថិតក្នុងវគ្គសិក្សានេះតម្រូវឲ្យសិក្សាបន្តនៅតាមសាកលវិទ្យាល័យរបស់ខ្លួន។ ដោយឡែក ពួកយើងដែលជានិស្សិតរបស់សាកលវិទ្យាល័យមហិដុនត្រូវមកសិក្សាបន្តនៅសាកលវិទ្យាល័យមហិដុន។ ពួកយើងត្រូវធ្វេីដំណេីរចាកចេញពីសាកលវិទ្យាល័យមហាសារ៉ាខាម ដោយរថយន្តរបស់សាកលវិទ្យាល័យមហាសារ៉ាខាមឆ្ពោះទៅព្រលានយន្តហោះខេត្តខនកេនដោយចំណាយពេលប្រមាណមួយម៉ោងមុននឹងធ្វើដំណើរបន្តដោយជេីងអាកាសទៅកាន់អាកាសយាន្តដ្ឋានសុវណ្ណភូមិ ដោយចំណាយពេលប្រមាណមួយម៉ោងទៀត។ សាកលវិទ្យាល័យមហិដុនទទួលបន្ទុកលើការរៀបចំឯកសារនិងសោហ៊ុយធ្វើដំណើររបស់និស្សិត។ ដោយឡែក មុនពេលចេញដំណើរ និស្សិតស្ម័គ្រចិត្តរបស់ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហាសារ៉ាខាមបានផ្ដល់ដំណឹង និងជូនពួកយើងទៅការិយាល័យទទួលបន្ទុកកិច្ចការនិស្សិតរបស់សាកលវិទ្យាល័យមហាសារ៉ាខាមដើម្បីទៅទទួលយកឯកសារដែលពាក់ព័ន្ធនឹងការធ្វើដំណើរនេះ។
មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ មាននិស្សិតរបស់សាកលវិទ្យាល័យមហិដុនរង់ចាំទទួលពួកយើង។ បន្ទាប់មក ពួកយើងបានធ្វេីដំណេីរមកសាកលវិទ្យាល័យដោយរថយន្តក្រុងរបស់សាកលវិទ្យាល័យ ដោយចំណាយពេលប្រមាណមួយម៉ោង។ពួកយើងមានការរំភើបយ៉ាងខ្លាំងពេលសាកលវិទ្យាល័យមហិដុនភ្លាម ព្រោះទីធ្លាសាកលវិទ្យាល័យធំទទូលាយ មានសណ្តាប់ធ្នាប់ និងមានភាពបៃតងស្រស់។ នាពេលល្ងាច សិស្សច្បងជនជាតិខ្មែរតាមមហាវិទ្យាល័យនីមួយៗបាននាំពួកយើងដេីរមេីលទីតាំងនានានៅក្នុងសាកលវិទ្យាល័យ ណែនាំពីជីវិត និងការសិក្សា ព្រមទាំងបាននាំទៅទទួលទានអាហារជាមួយគ្នានៅក្បែរសាកលវិទ្យាល័យយ៉ាងសប្បាយរីករាយ។ នាថ្ងៃបន្ទាប់ សាកលវិទ្យាល័យបានរៀបចំឯកសារ និងបាននាំពួកយើងទៅបន្តទិដ្ឋាការស្នាក់នៅរយៈពេលមួយឆ្នាំនៅការិយាល័យអន្តោប្រវេសន៍ខេត្ត។ ក្រោយមកទៀត ដូចរៀងរាល់ឆ្នាំ ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរកពេលវេលាដ៏សមរម្យមួយ ដើម្បីរៀបចំកម្មវិធីស្វាគមន៍សិស្សប្អូននិងកម្មវិធីផ្សេងៗទៀត។ ខាងសាកលវិទ្យាល័យក៏បានរៀបចំការទទួលនិស្សិតជំនាន់ថ្មី (Rak Nong) ពិធីបើកបវេសនកាល (Welcoming Day and Sport Mania) និងពិធីជួបជុំនិស្សិតបរទេសផងដែរ (International Night)។
អត្ថបទជំនួយស្មារតីមុនពេលត្រៀមចេញទៅប្រទេសថៃ៖ http://bit.ly/2He1aW1
ការស្នាក់នៅ និងការសិក្សាភាសាថៃនៅខេត្តមហាសារ៉ាខាម៖ https://www.youtube.com/watch?v=MzEeM_OIPrU&t=97s
គេហទំព័រផ្លូវការរបស់អាហារូបករណ៍ម្ចាស់ក្សត្រីយ៍៖ http://royalscholarship.buu.ac.th/2016/index.php
*អត្ថបទខាងលើត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ដោយកញ្ញាលីលីន កញ្ញាសុវណ្ណ លោកសុភា លោកសុម៉ានី និងលោកបញ្ញាវឌ្ឍន៍។
**នីតិវិធីប្រឡង និងបទពិសោធន៍របស់និស្សិតនៅអត្ថបទអាចប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់ទៀត៕
