
នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានអញ្ជើញ កញ្ញា កែវ វណ្ណពេជ្រ អតីតនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យមហិដុន ដើម្បីធ្វើបទបង្ហាញអនឡានស្តីពី “Personal Image” ដោយមានការសម្របសម្រួលដោយលោក យិន សុភា និស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញអប់រំ និងកញ្ញា គង់កែវ លក្ខិណា និស្សិតបរិញ្ញាប័ត្រ ជំនាញគិលានុប្បដ្ឋាក។
នៅក្នុងបទបង្ហាញដែលមានរយៈពេលមួយម៉ោងនេះ វាគ្មិនបានផ្តល់តិចនិចចំនួនបីដល់សិក្ខាកាម ដើម្បីបង្កើនភាពទាក់ទាញក្នុងការប្រាស្រ័យទាក់ទងនាគ្រាដំបូង។ តិចនិចដែលវាគ្មិនបានបង្ហាញត្រូវបានស្គាល់ថាជាតិចនិចABC ដោយ A (Appearance) សំដៅដល់ការស្លៀកពាក់និងតុបតែងខ្លួន, B (Body Language/Behavior) សំដៅដល់ការប្រើប្រាស់ភាសាកាយវិការ និងការបង្ហាញអត្តចរិតក្នុងពេលប្រាស្រ័យទាក់ទង និង C (Communication) សំដៅដល់របៀបប្រាស្រ័យទាក់ទង។ សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយដែលមានការចូលរួមយ៉ាងផុសផុលពីសិក្ខាកាម។
សូមបញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយនៃគម្រោងបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ក្លឹប និងរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សមាជិក និងអតីតសមាជិកក្លឹបចែករំលែកចំណេះដឹង និងបទពិសោធន៍តាមការស្ម័គ្រចិត្តរបស់ខ្លួនដល់សមាជិកដទៃទៀត។
