
(ស្រុកហួហុីន ខេត្តប្រាក់ជួបសុីរីខាន់)៖ កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរៀបចំពិធីប្រគល់តំណែងផ្លូវការដល់ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនអមជាមួយពិធីប្រគល់ប័ណ្ណសរសើរដល់សមាជិកក្លឹប។ នៅក្នុងឱកាសនោះ មានវត្តមានចូលរួមរបស់ប្រធានអនុប្រធាន និងសមាជិកសមាជិកាក្លឹបសរុបចំនួន១៤នាក់។
ជាកិច្ចចាប់ផ្តើម លោក សែម ចន្ថា អតីតប្រធានក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនដែលបានកាន់តំណែងចំនួនពីរឆ្នាំសិក្សា (២០១៨-២០២០) បានលើកឡើងពីសមិទ្ធផលនានាដែលក្លឹបសម្រេចបាន ហើយថាសមិទ្ធផលទាំងនោះបានលេចរូបរាងឡើងតាមរយៈការចេះរួមសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាម្នាក់ៗប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។ លោកបានថ្លែងអំណរគុណដល់សមាជិក សមាជិកាក្លឹបដែលបានចូលរួមចំណែកបង្កើតសកម្មភាពនានានៅក្លឹប។ លោកក៏បានផ្តល់អនុសាសន៍ដល់ប្រធានថ្មីនៃក្លឹបនិស្សិតនៃសាកលវិទ្យាល័យមហិដុនឲ្យបន្តការងារដែលនៅសេសសល់នៅក្នុងក្លឹប និងអភិវឌ្ឍបន្ថែម ដើម្បីបម្រើឲ្យចក្ខុវិស័យនិងទិសដៅរបស់ក្លឹប។
បន្ទាប់មក លោក តូចសុម៉ានី ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនក្នុងឆ្នាំសិក្សាថ្មី (២០២០-២០២១) បានថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងបេសកកម្មថ្មីនេះនៅក្នុងក្លឹបនៅចំពោះមុខអង្គពិធីទាំងមូល។
នាឱកាសនោះ អតីតប្រធានក្លឹបក៏បានធ្វើពិធីប្រគល់ត្រាជានិមិត្តរូបជូនដល់ប្រធានថ្មីរួមជាមួយពិធីប្រគល់ប័ណ្ណសរសើរ ដើម្បីជាការលើកទឹកចិត្តដល់សមាជិកក្លឹបដែលបានចូលរួមចំណែករបស់ខ្លួនក្នុងសកម្មភាពនានារបស់ក្លឹបនៅក្នុងអាណត្តិចាស់កន្លងមក។
អង្គពិធីត្រូវបានបញ្ចប់ដោយពិធីពិសារអាហារសាមគ្គីប្រកបដោយបរិយាកាសសប្បាយរីករាយ និងភាតរភាព។











អត់ហៅផង ហាហា
LikeLike
ហៅដែរតើ តែឃើញវិឆ័យឆ្លើយតបថា “nice, but I am out 😁”
LikeLike