បទពិសោធន៍ឆ្លងច្រកទ្វារព្រំដែនគោករបស់និស្សិតនៃសាកលវិទ្យាល័យមហិដុនក្នុងការធ្វើដំណើរមាតុភូមិនិវត្តន៍ក្នុងពេលវិបត្តិកូវីដ១៩

នៅក្នុងកំឡុងពេលដែលប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ការធ្វើដំណើរចេញចូលប្រទេសថៃដោយឆ្លងកាត់ព្រំដែនគោក ឬអាកាសពិតជាមានការពិបាកសម្រាប់និស្សិតកម្ពុជាដែលទើបនឹងរៀនចប់ហើយមានបំណងត្រលប់ទៅប្រទេសកម្ពុជា។ នាពេលកន្លងមកនេះ ប្រទេសថៃបានផ្តល់អាទិភាពដល់ប្រភេទអ្នកធ្វើដំណើរមួយចំនួនដើម្បីអាចចេញចូលប្រទេសនេះបានដោយត្រូវអនុវត្តនូវនីតិវិធីមួយចំនួន ហើយក្នុងចំណោមប្រភេទអ្នកធ្វើដំណើរទាំងនោះក៏មាននិស្សិតបរទេសផងដែរ។

ថ្មីៗនេះ និស្សិតនៃសាកលវិទ្យាល័យមហិដុនមួយចំនួនទើបតែបញ្ចប់ការសិក្សាបានធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ហើយពួកគាត់សូមចែករំលែកនូវបទពិសោធន៍របស់ពួកគាត់តាមរយៈសំណួររបស់ក្លឹបរបស់យើងដូចតទៅនេះ៖

តើត្រូវត្រៀមឯកសារអ្វីខ្លះដើម្បីអាចត្រលប់មកប្រទេសកម្ពុជាបាន? តើត្រូវធ្វើដូចម្តេចដើម្បីបានឯកសារទាំងនោះ?

មុនពេលធ្វើដំណើរទៅកាន់ព្រំដែន យើងត្រូវទាក់ទងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឲ្យបានយ៉ាងហោចបំផុត២សប្តាហ៍មុន ដោយមានភ្ជាប់លិខិតឆ្លងដែន និងលិខិតបញ្ចប់ការសិក្សា ដែលចេញដោយសាកលវិទ្យាល័យរបស់យើង។ ពួកយើងបានចងជាក្រុមក្នុងការដាក់លិខិតស្នើសុំទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីឲ្យនីតិវិធីប្រព្រឹត្តទៅបានលឿន ដោយហេតុថា នៅពេលដែលអ្នកស្នើសុំមានចំនួនសមល្មម​ ស្ថានទូតនឹងរៀបចំលិខិតបែបបទស្នើសុំបន្តទៅអាជ្ញាធរថៃ។

តើចាត់ចែងឥវ៉ាន់យ៉ាងដូចម្តេច ដើម្បីសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍?

ដោយសារពួកយើងមានឥវ៉ាន់ច្រើន ពួកយើងបានផ្ញើឥវ៉ាន់ទៅកាន់ប្រទេសកម្ពុជាទុកជាមុន ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ពួកយើងយកត្រឹមវ៉ាលីសតូចល្មមសម្រាប់ការសម្រាករយៈពេល២-៣យប់តែប៉ុណ្ណោះ។ ពួកយើងបានផ្ញើឥវ៉ាន់ខ្ចប់ជាស្បោងធំតាមក្រុមហ៊ុនវីរៈប៊ុនថាំដែលមានតម្លៃ១៦បាតក្នុង១គីឡូក្រាម ហើយក្រុមហ៊ុនតម្រូវឲ្យផ្ញើយ៉ាងតិចបំផុតក៏ត្រឹម៥០គីឡូក្រាមដែរ។

តើត្រូវធ្វើដំណើរទៅកាន់ព្រំដែនដោយរបៀបណា?

ពួកយើងបានស្វែងរកមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទៅកាន់ព្រំដែនតាមពេលវេលាណាត់ជួបដែលមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានកំណត់​ ព្រោះមន្ត្រីស្ថានទូតក៏នឹងមានវត្តមាននៅទីនោះដែរ ដើម្បីជួយសម្រួលដល់ពួកយើងនៅព្រំដែនប៉ែកខាងភាគីថៃ។

តើអាចប្រាប់ពីនីតិវិធីនានាដែលអាជ្ញាធរខ្មែរបានដាក់ចេញសម្រាប់ការបង្ការការចម្លងមេរោគកូវីដ១៩បានដែរឬទេ?

ក្រោយពីពួកយើងឆ្លងផុតការិយាល័យអន្តោប្រវេសន៍នៃប្រទេសទាំងពីរ រថយន្តគិលានសង្គ្រោះបានបញ្ជូនពួកយើងទៅកាន់មណ្ឌលសុខភាពមួយ។​ នៅទីនោះ ពួកយើងត្រូវបានគេសាកសួរព័ត៌មានទាក់ទងនឹងប្រវត្តិរូប អាសយដ្ឋានស្នាក់នៅទាំងនៅប្រទេសថៃ និងប្រទេសកម្ពុជា ព្រមទាំងលេខទូរស័ព្ទទំនាក់ទងផ្ទាល់ខ្លួនផងដែរ។ បន្ទាប់មក គ្រូពេទ្យបានដកយកសំណាកចេញពីច្រមុះរបស់យើង ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ១៩ដោយឥតគិតថ្លៃនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ។ ជាទូទៅ យើងអាចទទួលបានលទ្ធផលតេស្តក្នុងរយៈពេលមួយថ្ងៃ។ នៅក្នុងអំឡុងពេលពិនិត្យលទ្ធផល ពួកយើងត្រូវបានគេបញ្ជូនទៅកាន់កន្លែងដោយឡែកមួយក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលមានទីតាំងជិតមណ្ឌលសុខភាពខាងលើ។ ជាគោលការណ៍​ ពួកយើងត្រូវស្នាក់នៅនៅមន្ទីរពេទ្យនោះ ហើយអាជ្ញាធរយើងបានរៀបចំអាហារបីពេលដោយឥតគិតថ្លៃដល់ពួកយើង។ ដោយសារពួកយើងទទួលបានលទ្ធផលអវិជ្ជមាន គ្រូពេទ្យបានចេញក្រដាសបញ្ជាក់លទ្ធផលអវិជ្ជមានដល់ពួកយើង ហើយអនុញ្ញាតឲ្យពួកយើងត្រលប់មកផ្ទះរៀងៗខ្លួនវិញ។ ប៉ុន្តែ ពួកយើងត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃបន្តទៀត បន្ទាប់មកត្រូវទៅធ្វើតេស្តជាលើកទី២ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬមន្ទីរពេទ្យចាក់អង្រែ។

តើមានអ្វីចង់បន្ថែមដែរឬទេ?

ជាការពិត បទពិសោធន៍ដែលពួកយើងបានរៀបរាប់ខាងលើជាការឆ្លុះបញ្ចាំងពីអ្វីដែលពួកយើងបានជួបប្រទះផ្ទាល់នាកំឡុងពេលនោះតែប៉ុណ្ណោះ។​ អស់លោកអ្នកប្រហែលជាអាចជួយបទពិសោធន៍ផ្សេងពីនេះ ប្រសិនបើការរីករាលដានជំងឺកូវីដ១៩មានការប្រែប្រួល។ ពួកយើងសង្ឃឹមថា ស្ថានការណ៍នឹងកាន់តែល្អប្រសើរឡើងទៅចុះនាពេលខាងមុខ។


Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.