និស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនចំនួន៩រូបបានចូលរួមសម្តែងរបាំ “វ័យ”

ក្រុមនិស្សិតសាកលវិទ្យាល័យមហិដុន

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នាសាកលវិទ្យាល័យរ៉ាចាផាត់ចាន់កាសេម​ និស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនចំនួន៩រូបបានចូលរួមសម្តែងរបាំមួយមានឈ្មោះថា “វ័យ” ដែលត្រូវបានតំទ្បើងស្នាដៃ និងដឹកនាំសម្តែងដោយលោកគ្រូ ខៀវ កាណាល់។

និស្សិតទាំង៩រូបនេះរួមជាមួយនិស្សិតកម្ពុជានៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ​៤រូប និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ១រូបបានខិតខំឆ្លៀតពេលវេលាពីការសិក្សា និងការងាររបស់ខ្លួន​ ​ដើម្បី​ហ្វឹកហាត់សម្តែងរបាំ “វ័យ” យ៉ាងយកចិត្តទុកដាក់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩។ តាមការគ្រោងទុក ក្រុមសិល្បករនេះត្រូវសម្តែងជូនទស្សនិកជននៅខែឧសភា​ ឆ្នាំ២០២០ តែក៏ត្រូវបានអាក់ខានទៅវិញដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២០នេះ ជំនួសឲ្យការសម្តែងជាសាធារណៈ ក្រុមសិល្បករវ័យក្មេងនេះបានសម្តែងនៅលើឆាកខាងមុខកាមេរ៉ា ដើម្បីផលិតជាខ្សែវីដេអូរយៈពេលប្រមាណ២០នាទី និងរូបថតចំនួន១០០សន្លឹកសម្រាប់គ្រោងដាក់ក្នុងសៀវភៅមួយក្បាលជាភាសាថៃដែលត្រូវបានបកប្រែ​ចេញពីសៀវភៅ “ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ” របស់លោកសាស្ត្រាចារ្យ អាំង​ ជូលាន។

សូមបញ្ជាក់ថា របាំ “វ័យ” ជាស្នាដៃមួយដ៏សម្បូរបែបដែលសង្ខេបអត្ថន័យពីសៀវភៅខាងលើ បង្ហាញអំពីដំណើរជីវិតរបស់មនុស្សខ្មែរ ដែលឆ្លងកាត់បីដំណាក់កាល (កើត ការ កប់) និងជាស្នាដៃដែលប្រមូលផ្តុំដោយរបាំប្រជាប្រិយ របាំប្រពៃណី និងពិធីតាមបែបសាសនាជាច្រើនរបស់ខ្មែរ។ គួរបញ្ជាក់ផងដែរថា របាំនេះត្រូវបានប្រសូតចេញពីគម្រោងមួយរបស់សាស្ត្រាចារ្យជនជាតិថៃបង្រៀនភាសាខ្មែរមួយរូប​ ដោយមានការឧបត្ថម្ភគាំទ្រដោយសាកលវិទ្យាល័យរ៉ាចាផាត់ចាន់កាសេម។


Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.